Connect with us

កងកម្លាំងប្រដាប់អាវុធ

មន្ត្រីក្នុងជួរកងរាជអាវុធហត្ថនិងប្រជាពលរដ្ឋទូទាំងប្រទេសបានបង្ហោះសារអបអរសាទរនិងសារជូនពរតាមបណ្តាញសង្គម ដើម្បីរំឭកទិវាខួបលើកទី២៨ឆ្នាំ នៃថ្ងៃបង្កើតកងរាជអាវុធហត្ថ ១៤កក្កដា ឆ្នាំ១៩៩៣ ១៤ កក្កដា ឆ្នាំ២០២១

មន្ត្រីកងរាជអាវុធហត្ថទូទាំងប្រទេសនិងប្រជាពលរដ្ឋ បាននាំគ្នាបង្ហោះសារអបអរសាទរនិងជូនពរក្នុងទិវាខួបលើកទី២៨ឆ្នាំ នៃការបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ ១៤ កក្កដា ២០២១ កាលពីថ្ងៃទី១៤ កក្កដា ម្សិលមិញនេះដើម្បីសម្តែងការពេញចិត្តនិងស្រឡាញ់គាំទ្រដល់កងកម្លាំងក្នុងស្ថាប័នកងរាជអាវុធហត្ថ ដែលជាស្ថាប័នដ៏សំខាន់មួយក្នុងចំណោមស្ថាប័នការពារជាតិ ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

កងរាជអាវុធហត្ថជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ ចំណុះឱ្យក្រសួងការពារជាតិ ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងស្ថិតក្រោមអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ជាអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ហើយក៏ជាស្ថាប័នមួយទទួលបទបញ្ជាផ្ទាល់ពីនាយករដ្ឋមន្ត្រី ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានអនញ្ញាតឱ្យមន្ត្រីក្នុងជួរកងរាជអាវុធហត្ថរបស់ខ្លួន សម្តែងការអបអរសាទរនិងសារជូនផ្សេងៗ តាមមនោសញ្ចេតនា ស្រឡាញ់គាំទ្រស្ថាប័នមួយនេះ បង្ហោះតាមរយៈបណ្តាញសង្គម ដើម្បីរំឭកខួប២៨ឆ្នាំ នៃទិវាបង្កើតកងរាជអាវុធហត្ថ ពីព្រោះឆ្នាំនេះ មិនបានប្រារព្ធខួបកងរាជអាវុធហត្ថទេ ដោយសារតែជំងឺរាតត្បាតកូវិដ១៩ ។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩ ជាមួយរាជរដ្ឋាភិបាល ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រេចផ្អាកការរៀបចំពិធីរំឭកខួបលើកទី២៨ ឆ្នាំ នៃទិវាបង្កើតស្ថាប័នកងរាជអាវុធហត្ថ ដូចសព្វមួយដង។

ស្របជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសារធារណៈ ធ្វើការបោះពុម្ពស៊ឺមី ដែលរំលេចដោយសារលិខិតជូនពរនាយទាហាន នាយទាហានរងនិងពលទាហាននៃកងរាជអាវុធហត្ថក្នុងឳកាសខួបអនុស្សាវរីយ៍លើកទី២៨ ឆ្នាំ ទិវាកំណើតកងរាជអាវុធហត្ថ(១៤ កក្កដា ១៩៩៣ ១៤ កក្កដា ២០២១) របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ជាច្រើនសន្លឹក ដើម្បីចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ គ្រប់បណ្តារាជ-ខេត្ត អាន។ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថគ្រប់រូប បានអានខ្លឹមសារ នៃសារលិខិតជូនពររបស់នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស យ៉ាងផុលផុស រូចបង្ហោះរូបភាពតាមបណ្តាញសង្គម អមដោយសារអបអរសាទរនិងជូនពរដល់មេបញ្ជាការ មេបញ្ជាការរង ស្នងការ ស្នងការរងនិងថ្នាក់ដឹកនាំគ្រប់រូបក្នុងជួរកងរាជអាវុធហត្ថ ។

នៅក្នុងខ្លឹមសារ សារលិខិតជូនពររបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ក្រៅពីការជូនពរនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ មានរំលេចពីសកម្មភាពការងាររបស់អាវុធហត្ថ និងការក្រែនរំឭកទៅដល់មន្ត្រីអាវុធហត្ថក្នុងការបំពេញតួនាទី ភារកិច្ច ជាអាវុធហត្ថ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិន័យអាវុធហត្ថ និងគោរពបទបញ្ជាតាមឋានានុក្រម ដូចមានទិសស្លោកថា «ប្រទេសត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» និង « ជួយគិត ជួយធ្វើ រួមទទួលខុសត្រូវ»។ នេះជាទិសស្លោករបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញ ដើម្បីឱ្យកងរាជអាវុធហត្ថគ្រប់រូបត្រូវតែអនុវត្ត។

គួររំឭកដែរថា៖ទាក់ទងនឹងប្រវត្តកងរាជអាវុធហត្ថ ក្រោយការបង្កើតឡើងនៅឆ្នាំ ១៩៥៧ ស្រាប់តែត្រូវបានលុបបំបាត់ចោលទៅវិញ ដោយសារប្រទេសកម្ពុជាបានធ្លាក់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ។ ហើយនៅចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ ប្រទេសកម្ពុជាគ្មានកម្លាំងកងរាជអាវុធហត្ថទេ គឺមានតែកម្លាំងតម្រួតយោធាដែលធ្វើកិច្ចការខាងត្រួតត្រាបទបញ្ជានិងពិនិត្យវិន័យ សណ្តាប់ធ្នាប់កងទ័ពតែប៉ុណ្ណោះ។

នៅក្នុងគ្រាអនុវត្តនយោបាយបង្រួបបង្រួមជាតិ នាំដល់ការបង្រួបបង្រួមកងទ័ពនៃបណ្តាភាគីជម្លោះ ឱ្យទៅជាកងទ័ពជាតិតែមួយ ដោយស្មារតីនេះហើយ ត្រូវបានបង្កើតអគ្គសេនាធិការដ្ឋាននៃកងទ័ពជាតិកម្ពុជា តាមក្រឹត្យចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ ក្នុងរចនាសម្ពន្ធចាត់តាំងអគ្គសេនាធិការដ្ឋាន ក្នុងនោះក៏មានកងអាវុធហត្ថផងដែរ ហេតុដូចនេះហើយ បានជាយើងចាត់ទុកថ្ងៃទី១៤ កក្កដា ១៩៩៣ ជាទិវាបង្កើតកងរាជអាវុធហត្ថ៕

 

 

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook