Connect with us

ព័ត៌មានជាតិ

ជប៉ុនផ្តល់រថយន្តគិលានសង្រ្គោះ ៣០គ្រឿងបន្ថែមទៀត ដល់រាជ រដ្ឋាភិបាលកម្ពុជា

(ភ្នំពេញ)៖ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណា ប្រភេទថ្មី នៅលើសកលលោក រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់រថយន្តគិលានសង្គ្រោះចំនួន៣០គ្រឿងបន្ថែមទៀតជូនដល់ព្រះរាជាណាចក្រកម្ពុជា។

នេះគឺជាការប្រគល់បន្ថែមលើរថយន្តគិលានសង្គ្រោះចំនួន៧០គ្រឿងដែលបានផ្ដល់ជូនកន្លងរួចមកហើយ។ រថយន្តគិលានសង្គ្រោះទាំង៣០គ្រឿង នេះ បានបញ្ជូនទៅកាន់មូលដ្ឋានសុខាភិបាលជាច្រើនក្នុងសប្តាហ៍នេះ។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុននៅកម្ពុជា នៅល្ងាចនេះ បានបញ្ជាក់ថា ជំនួយនេះ គឺផ្អែកលើវិធានការកិច្ចសហប្រតិបត្តិការ ដែលបានដាក់ ចេញជាមួយបណ្តាប្រទេសអាស៊ាន ដែលត្រូវបានប្រកាសដោយលោកអតីតនាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបិ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស កាលពីខែមេសាឆ្នាំមុន។ គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃការ ងារជាច្រើនរបស់រដ្ឋាភិបាលជប៉ុនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ លើសកលលោក។

រហូតមកដល់ពេលនេះ ឆ្លើយតបនឹងការស្នើសុំរបស់រាជ រដ្ឋាភិបាលកម្ពុជា ជប៉ុនបានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្ត ដូចជារថយន្តគិលានសង្គ្រោះ ចំនួន១០០គ្រឿង ឧបករណ៍ត្រួតពិនិត្យកាំរស្មីអ៊ិកចំនួន១០គ្រឿង ឧបករណ៍ធ្វើរោគវិនិច្ឆ័យអ៊ុល ត្រាសោនចំនួន២៦ ឧបករណ៍ផលិតអុកស៊ីសែនចំនួន៦៣ និងគ្រែសង្គ្រោះបន្ទាន់ចំនួន១០០គ្រែ ព្រមទាំងគ្រឿងបរិក្ខារវេជ្ជ សាស្រ្តជាច្រើនផ្សេងទៀតជូនដល់កម្ពុជា។

លើសពីនេះទៀត កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម រដ្ឋមន្រ្តីការបរទេសជប៉ុន បានប្រកាសថាជប៉ុន នឹងផ្តល់វ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសជប៉ុន ប្រមាណ១លានដូសដល់កម្ពុជា តាមរយៈCOVAX Facility។

វ៉ាក់សាំងទាំងនេះ នឹងត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះ នៅពេលដែលការរៀបចំភស្តុភារដោយ COVAX Facility ត្រូវបានបញ្ចប់៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook