(ភ្នំពេញ)៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធាន គ.វ.ក១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានព្រមានជាថ្មីពីវីរុសបំប្លែងថ្មី ដែលត្រូវបានរកឃើញជាបន្តបន្ទាប់ ហើយដែលអាចនឹងនាំឱ្យកម្ពុជាឈានហួសបន្ទាត់ក្រហម។
ក្នុងសារតាមរយៈបណ្តាញសង្គមធ្វីតធើ (Twitter) កាលពីរាត្រីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវបានសង្កត់ធ្ងន់ថា ៖ «យើងបានរកឃើញវីរុសបំប្លែងថ្មីប្រភេទ ដែលតា ជាបន្តបន្ទាប់ ខណៈ អាល់ហ្វា វិញ បាននិងកំពុងចរាចរយ៉ាងសកម្មរួចទៅហើយ។ កាលពីម្សិលមានអ្នកស្លាប់ ២៧នាក់បន្ថែមទៀត ហើយបើសិនជាយើងនៅតែមិនខិតខំអនុវត្តវិធានការការពារទេនោះ សោកនាដកម្មនៃសុខភាពសាធារណៈ អាចនឹងកើតឡើងក្នុងពេលខាងមុខហើយ ហើយយើងក៏អាចនឹងប្រឈមនឹងការឆ្លងផុតបន្ទាត់ក្រហមផងដែរ»។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ក៏សូមអំពាវនាវដ៏ទទូច សូមបងប្អូនចូលរួមអនុវត្តវិធានការការពារឱ្យបានទាំងអស់គ្នា។
តាមរយៈបណ្តាញសង្គមធ្វីតធើផងដែរ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានលើកឡើងពីកង្វល់ដែលថា ការបន្តរកឃើញករណីនាំចូលវីរុសកូវីដ-១៩ អាចនឹងនាំឱ្យមានការឆ្លងបន្តទៅក្នុងសហគមន៍។
លោកស្រីបានបន្ថែមថា វីរុសដែលតានេះ អាចឆ្លងបានរហ័សណាស់ និងអំពាវនាវដល់គ្រប់គ្នា ត្រូវតែធ្វើសកម្មភាពឱ្យបានលឿន និងដោយទទួលខុសត្រូវ ដើម្បីទប់ទល់នឹង ដែលតា ក៏ដូចជាអាល់ហ្វា។
សូមបញ្ជាក់ផងដែរថា លោកជំទាវ ឱ វណ្ណឌីន តែងតែព្រមានជារឿយៗ ពីគ្រោះថ្នាក់នៃការឆ្លងផុតបន្ទាត់ក្រហម ដែលអាចនឹងនាំឱ្យមានបញ្ហាធ្ងន់ធ្ងរជាងពេលនេះ និងការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងសហគមន៍ ដោយមិនដឹងប្រភពចម្លង និងមិនអាចគ្រប់គ្រងបាន ហើយករណីមរណភាពក៏នឹងកើនឡើងច្រើនជាងនេះ បើនិយាយពីការលំបាកវិញនឹងមានច្រើនជាងនេះរាប់មិនអស់នោះទេ ហើយនឹងបន្តនៅរយៈពេលយូរទៀត។
គួររម្លឹកផងដែរថា កាលពីថ្ងៃម្សិលមិញក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៧ករណី លើអ្នកដំណើរចូលមកកម្ពុជា នៅថ្ងៃទី០៧ និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។ ហើយជាសរុប មានការរកឃើញវីរុសដែលតានេះចំនួន ៧៥នាក់ហើយ ហើយមួយចំនួនក៏បានព្យាបាលជាសះស្បើយហើយដែរ។
វីរុសដែលតា មានសមត្ថភាពឆ្លងលឿនជាងប្រហែល១៥ដង ហើយវីរុសអាល់ហ្វាវិញប្រហែល ៥ទៅ៧ដង នៃវីរុសកូវីដ-១៩ធម្មតាដែលមិនទាន់បំប្លែងខ្លួន ហើយវីរុសទាំងពីរនេះនឹងធ្វើឱ្យសុខភាពអ្នកជំងឺ មានសភាពធ្ងន់ធ្ងរខ្លាំង៕
