Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថានរៀបចំដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់រ៉ាមសារដោយសារតែបានផ្តល់ធនធានធម្មជាតិសម្រាប់ទ្រទ្រង់ដល់ជីវភាព ប្រជាសហគមន៍ និងជាទីជម្រកសម្រាប់សត្វស្លាបទឹកនិងសត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបាន និងកំពុងរៀបចំដាក់តំបន់ ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតនៅក្នុងខេត្តតាកែវជា«តំបន់រ៉ាមសារ»ដោយសារតែភាពសំខាន់នៃតំបន់នេះដែលបានផ្តល់ជាធនធានធម្មជាតិសម្រាប់ពលរដ្ឋប្រើប្រាស់ និងជាទីជម្រកសត្វស្លាបជាច្រើនប្រភេទ ដែលជាប្រភេទសត្វកម្រ។ នេះគឺជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិ ការក្រសួងបរិស្ថាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ។

ឯកឧត្តមបានថ្លែងថា ការដាក់តំបន់ដីសើមមួយជាតំបន់រ៉ាមសារ គឺត្រូវមានការសិក្សា និងប្រមូលទិន្ន័យពីជីវចម្រុះ សេវាកម្មអេកូឡូស៊ី និងសក្តានុពលនៃតំបន់ដីសើមនោះដើម្បីរៀបចំឯកសារព័ត៌មាន និងទាមទារឱ្យមានការពិគ្រោះយោបល់ និងទទួលការគាំទ្រពីអ្នកពាក់ព័ន្ធទាំងនៅមូលដ្ឋាន ថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។ បើតំបន់ការពារទេសភាពបឹងព្រែកល្ពៅត្រូវបានដាក់តំបន់រ៉ាមសារ នោះកម្ពុជានឹងមាន តំបន់រ៉ាមសារសរុបចំនួន ៦។ តំបន់រ៉ាមសារទាំង ៥ របស់កម្ពុជារួមមាន តំបន់រ៉ាមសារស្ទឹងត្រែង កោះកាពិ បឹងទន្លេឆ្មារ ព្រែកទាល់ និងស្ទឹងសែន។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅស្ថិតនៅក្នុងខេត្តតាកែវបានផ្តល់ជាធនធានធម្មជាតិសម្រាប់ទ្រទ្រង់ដល់ជីវភាព ប្រជាសហគមន៍ និងជាទីជម្រកសម្រាប់សត្វស្លាបទឹកនិងសត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទជាពិសេសសត្វក្រៀលដែលជាប្រភេទសត្វស្លាបកំពុងទទួលរងការគំរាមកំហែង។ នៅថ្មីៗនេះផងដែរ ឧទ្យានុរក្សនៃក្រសួងបរិស្ថានក៏បានកត់ត្រាពីវត្តមានចាបព្រៃវែង ដែលជាប្រភេទសត្វទេសន្តរប្រវេសន៍ ផ្លាស់ទីរវាង ស៊ីបេរី និងអាស៊ីអាគ្នេយ៍ តាមផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី។

ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅក៏មានវត្តមាន សត្វត្រដក់ធំ ដែលជាប្រភេទសត្វស្លាបជិតផុតពូជ និងប្រភេទសត្វស្លាបទឹកមួយចំនួនដូចជាត្រយងខ្នងស ត្រយងខ្លួនរលោង រនាលពណ៌ ចង្កៀលខ្យង ទុងប្រផេះជាដើមដែលបានចុះមករកចំណីក្នុងតំបន់នេះ។ រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានផ្តល់ជាអត្ថប្រយោជន៍សំខាន់ៗជាច្រើន ដែលបានគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈសេវាកម្មប្រព័ន្ធអេកូឡូស៊ីយ៉ាងសម្បូរបែបរបស់វាដូចជា៖ សេវាកម្មផ្គត់ផ្គង់ដោយផ្តល់ជាប្រភពទឹក អាហារ ឱសថ ត្រី ធនធាន ពន្ធុ ដីល្បាប់ និងធនធានធម្មជាតិផ្សេងៗទៀត ​​​ សេវាកម្មនិយ័តកម្ម ដោយទប់ស្កាត់គ្រោះទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត និយ័តកម្មអាកាសធាតុក្នុងតំបន់ និងនៅសាកលបន្សុទ្ធទឹកជាដើម សេវាកម្មវប្បធម៌ ដោយផ្តល់ជាតម្លៃសោភ័ណភាព ទេសចរណ៍ធម្មជាតិ ការកម្សាន្ត តម្លៃបេតិកភណ្ឌវប្បធម៌ សាសនា ទំនាក់ទំនងសង្គម ការអប់រំ និងសិក្សាស្រាវជ្រាវ និងសេវាកម្មគាំទ្រ ដូចជាផ្តល់ជាទីជម្រកដល់ជីវចម្រុះ ការកកើតដីល្បាប់ សារធាតុរ៉ែ សារធាតុសរីរាង្គ ផ្តល់ជាផលិតកម្មបឋម គាំទ្រដល់វដ្តទឹក និងវដ្តចំណីអាហារ។ល។

«ទាំងនេះគឺបានបញ្ជាក់ពីសារៈសំខាន់ជាអន្តរជាតិរបស់តំបន់ការពារទេសភាពនេះ។ ដូចនេះទើប ក្រសួងបរិស្ថានបាននិងកំពុងរៀបចំដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះទៅជាតំបន់ រ៉ាមសារដែលនឹងផ្តល់តម្លៃដល់តំបន់ដីសើមនេះជាអន្តរជាតិ»។ នេះគឺជាការថ្លែងបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយបន្ថែមថា ក្រសួងរំពឹងថាការដាក់ តំបន់ការពារទេសភាពបឹងព្រែកល្ពៅនឹងធ្វើឡើងក្នុងពេលវេលាសមស្របខាងមុខនេះ។ ទាក់ទងនឹងសារៈប្រយោជន៍ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ការដាក់តំបន់ការពារទេសភាពបឹងព្រែល្ពៅជាតំបន់រ៉ាមសារ គឺបង្ហាញឱ្យឃើញថា តំបន់ដីសើមនេះមានសារៈសំខាន់ជាអន្តរជាតិ និងមានការទទួលស្គាល់ជាអន្តរជាតិ ដោយអនុសញ្ញារ៉ាមសាដែលមានលេខាធិការដ្ឋានរ៉ាមសារ នៅប្រទេសស្វីស។ ការដាក់តំបន់ការពារទេសភាពបឹងព្រែល្ពៅជាតំបន់រ៉ាមសារ ក៏មានអត្ថប្រយោជន៍ផ្សេងៗទៀតដូចជា៖ ១)បង្កើនការយល់ដឹងជាសាធារណៈពីសារៈសំខាន់ នៃតំបន់ដីសើម ២)បង្កើនការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់​ក្នុងការគ្រប់គ្រងតំបន់ដីសើម ៣)មានការគាំទ្រកាន់តែច្រើនជាងមុនក្នុងការការពារនូវតំបន់ទាំងនោះក៏ដូចជាតំបន់នៅជុំវិញ ៤)បង្កើនមូលនិធិសម្រាប់អភិរក្សទាំងក្នុងនិងក្រៅប្រទេស ៥) ពង្រឹងកាលានុវត្តន៍ភាព​ ក្នុងការជំរុញការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត​ និងអេកូទេសចរណ៍។

លោក ស្រី ស៊ុនលាង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថានបានថ្លែងថា ប្រទេសកម្ពុជាបានអនុម័តយល់ព្រមលើអនុសញ្ញារ៉ាមសារ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ និងបានចូលជាសមាជិកពេញសិទ្ធិនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩៩។ អនុសញ្ញារ៉ាមសារធ្វើការលើសសរស្តម្ភចំនួន ៣ សំខាន់គឺ ១)ការប្រើប្រាស់តំបន់ ដីសើមប្រកបដោយភាពឈ្លាតវៃ ២)កំណត់និងបង្កើតតំបន់ដីសើមជាលក្ខណៈអន្តរជាតិ និង ៣)កិច្ចសហការអន្តរជាតិ។ បច្ចុប្បន្ននេះ តំបន់ដីសើមដែលត្រូវបានដាក់បញ្ចូល ជាតំបន់រ៉ាមសារមានចំនួន ២៤២៤ នៅលើពិភពលោក គ្របដណ្តប់លើផ្ទៃដីចំនួន ២៥លានហិកតា ដែលក្នុងនោះកម្ពុជាមានចំនួន ៥ កន្លែងសរុបមានផ្ទៃដីទំហំ ៤២.២៥៧ ហិកតា៕

Click to comment

Leave a Reply

Your email address will not be published.

Facebook