Connect with us

ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញបានស្តារប្រឡាយម័លសម្រេចបាន៨០ភាគរយហើយគ្រោងរួចរាល់ក្នុងខែសីហា

ភ្នំពេញ៖ មកដល់ពេលនេះគម្រោងស្តារប្រឡាយម័លនៅក្នុងភូមិសាស្រ្តភូមិម័លសង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រវែងជិត៣គីឡូម៉ែត្រត្រូវបានស្តាឡើងវិញសម្រេចបានប្រមាណ៨០ភាគរយហើយ ដោយគ្រោងរួចរាល់នៅខែសីហាខាងមុខ ដើម្បីរំដោះការលិចលង់ភូមិឋានរបស់ប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ។

លោក ម៉ៅ ប៊ុនធឿន ប្រធាន មន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានមាន ប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី១៩ កក្កដានេះថា ៖ក្រោមការណែនាំរបស់ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញបាននិងកំពុងធ្វើសកម្មភាពស្តារប្រឡាយ ម័ល ដោយចាប់ផ្តើមស្តារ កាលពីថ្ងៃទី១៨ខែកុម្ភៈឆ្នាំ ២០២១ មានប្រវែង២៨១៥ ម៉ែត្រ និងទទឹងចាប់ពី២០ ម៉ែត្រទៅ៣០ម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន ។

លោកប្រធានមន្ទីរបានបន្តថា ការជីកស្តារប្រឡាយម័លនៅពេលនេះ គឺពិតជាមានការលំបាកខ្លាំង ដោយសារតែមិនមានផ្លូវសងខាង សម្រាប់ដាក់ គ្រឿងចក្រចូលជីក ស្តារ ស្ពានកាត់ទទឹងប្រឡាយច្រើន ។ លោកស្នើសុំឱ្យអាជ្ញាធរខណ្ឌ ដង្កោជួយសហការក្នុងការ សម្របសម្រួលជាមួយប្រជា ពលរដ្ឋ ដើម្បីឱ្យការងារនេះបានរួចរាល់ទៅតាមគម្រោងដែលបានគ្រោងទុក។

ប្រឡាយម័លនេះ ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីភូមិឋានប្រជា ពលរដ្ឋ ដោយបានរំដោះទឹក ភ្លៀងមួយផ្នែកខ្លះនៃខណ្ឌ ដង្កោ ខណ្ឌពោធិ៍សែនជ័យនិងខណ្ឌមានជ័យ ។

គួរបញ្ជាក់ថា បើទោះបីរាជ ធានីភ្នំពេញបាននិងកំពុងរីករាលដាលនៃជំងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែសកម្មភាពស្តារនិងអភិវឌ្ឍមូលដ្ឋានរាជធានីនៅតែបន្តដដែល មានន័យថា ដៃម្ខាងធ្វើការអភិវឌ្ឍនិងដៃម្ខាងទៀត បង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីធានាបានសុវត្ថិភាព និងការរស់នៅប្រកបដោយភាពងាយស្រួលរបស់ប្រជាពលរដ្ឋ៕




Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook