ភ្នំពេញ៖ ក្នុងរដូវកាលពងកូនឆ្នាំ២០២០-២០២១មានសត្វចង្កៀលខ្យងប្រមាណ៨៥ ភាគរយ នៃសំបុកត្រូវបានញាស់ដោយជោគជ័យ នៅ ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដែលនេះបង្ហាញពីវត្តមានប្រភេទសត្វកម្រមួយនេះបន្តមានវត្តមាននៅកម្ពុជាយើង។
លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតស្វតស្លាបប្រចាំកម្ពុជាបានឱ្យដឹងថា ក្នុងរដូវកាលពងកូនឆ្នាំ២០២០- ២០២១ សត្វចង្កៀលខ្យងបានមករកចំណីក្នុងតំបន់ការ ពារទេសភាពបឹងព្រែកល្ពៅ រហូតដល់រាប់ពាន់ក្បាល និងមានសម្បុកពងកូន យ៉ាងតិចចំនួន២១៨៦កន្លែង នៅលើដើមរាំងចំនួន២៧០ដើម ។ ការធ្វើសម្បុកនេះ ជាកំណត់ ត្រាថ្មី ដែលពុំធ្លាប់មានក្នុង រដូវពងកូនរយៈពេលប្រមាណជាង១៥ឆ្នាំចុងក្រោយនេះ។

លោកបានបន្តថា ដោយ សារមានការយកចិត្តទុកដាក់ថែរក្សាការពារ ពីមន្ត្រីឧទ្យានុរក្សប្រចាំការ ក្រុមការងារទីវាល បានឃើញសម្បុកចង្កៀលខ្យង ញាស់ជោគជ័យជាបន្តបន្ទាប់ ដែលសម្បុកចុង ក្រោយ គឺញាស់ក្នុងខែមេសាឆ្នាំ២០២១ ។ ក្នុងចំណោមសម្បុកពងកូនទាំងអស់ ប្រមាណ ២១៨៦សម្បុក បានញាស់ជោគជ័យប្រមាណ ៨៥ភាគរយ និង ១៥ភាគ រយទៀត រងការខូចខាតតាម រយៈទឹកជំនន់លិចសម្បុក និងមានខ្យល់កន្ត្រាក់ ធ្លាក់ខូច ព្រមទាំងមានជនខិលខូច លួចប្រមូលពងសត្វ ឬ កូន។ មួយវិញទៀត សម្បុកដែលញាស់ជោគជ័យជាមធ្យម បានកូនចង្កៀលខ្យងប្រហែល ៥៥៨០ក្បាល ទទួលរងការ ខូចខាតអស់កូនប្រហែល ១០ភាគរយងាប់ដោយសារជំងឺ និងកត្តាផ្សេងៗ ប្រមាណ ៤០ភាគរយបង្ខំចិត្តហើរចាក ចេញពីសម្បុកនិងទ្រនំ ដោយកត្តារាំងស្ងួត ខ្វះប្រភពទឹកនិងចំណី ។

«ជាការពិតទីមួយគឺបានបង្ហាញថា តំបន់ដីសើមបឹងព្រែកល្ពៅនេះ គឺជាតំបន់មួយដ៏សំខាន់ ដែលមានទាំងព្រៃលិចទឹក ដែលជាទីជម្រករបស់សត្វស្លាប ក៏ដូចជាជំរំរបស់ពូជត្រី បើសិនជាយើងការពារវាបានសត្វនិងបន្តមានត្រីនៅបន្តមាននៅទីតាំងនេះគឺជាតម្លៃនៃជីវៈចម្រុះដែលមានលក្ខណៈពិសេសសម្រាប់តំបន់ដីសើមនេះ ដែលយើងទាំងអស់គ្នាត្រូវការការពារ ហើយការដែលវានៅជោគ ជ័យនេះក៏ជាសញ្ញាមួយដែលជំរុញលើកទឹកចិត្តដល់ អ្នកអភិរក្ស អ្នកគ្រប់គ្រង អ្នកធ្វើ ការនៅទីតាំងហ្នឹងឱ្យបន្តធ្វើ ការបន្តទៀត»។
លោកបន្ថែមថា បច្ចុប្បន្នមានកូនចង្កៀលខ្យងប្រមាណ ៥០ភាគរយជាមធ្យម ប្រហែល២៧៩០ក្បាល បានបន្តស្នាក់នៅលើសម្បុកនិងទ្រនំនេះ ដែលខ្លះទើបតែញាស់ មិនទាន់អាចហើរបានឆ្ងាយពីមេបា។ លោកបានបញ្ជាក់ផងដែរថា មេបាចាស់ៗ បានប្រមូលចម្រៀកឈើ តូចៗបន្ថែម ដើម្បីជួសជុលសម្បុក និងធ្វើសម្បុកថ្មី លើមែកឈើដែលខ្ពស់ៗជាងមុន ៕



