Connect with us

ព័ត៌មានជាតិ

ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នឹងក្លាយទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ក្រោយពេលស្ពានឆ្លងកាត់ទន្លេសាងសង់រួច

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានរំពឹងទុកថា ស្រុកស្ទឹងត្រង់ នឹងក្លាយទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ខេត្តកំពង់ចាម ក្រោយពេលស្ពានឆ្លងកាត់ទន្លេ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនោះ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ខណៈពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងពិធីបើកការដ្ឋានសាងសង់ ចាក់បេតុង និងរៀបចំសួនច្បារ ក្នុងបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ស្ថិតក្នុងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ដែលមានប្រជាពលរដ្ឋចូលរួមជាង ៥០០នាក់។

លោកអភិបាលខេត្តបានថ្លែងបន្តថា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងតែមានការអភិវឌ្ឍ សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ អាជ្ញាធរខេត្តកំពង់ចាមបានជំរុញឲ្យរដ្ឋបាលខេត្ត ខិតខំធ្វើការអភិវឌ្ឍឱ្យមានសមិទ្ធផល នៅក្នុងមូលដ្ឋាន ធ្វើដំណើរស្របគ្នាជាមួយនឹងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ជាពិសេសដូចជាការសាងសង់ស្ពានឆ្លងកាត់ទន្លេនៅក្នុងស្រុកស្ទឹងត្រង់ មកដល់ពេលបច្ចុប្បន្ននេះ ការសាងសង់ជិតរួចរាល់ជាស្ថាពរហើយ។ ទន្ទឹមនឹងនេះអាជ្ញាធរខេត្ត ក៏បានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន ស្របពេលដែលស្ពានសាងសង់ជិតរួចនេះផងដែរ។

លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានស្ថាបនា ស្ពានមួយខ្សែឆ្លងកាត់ទន្លេក្នុងស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារនេះ គឺជាសរសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះ។ ម្យ៉ាងទៀត ដោយសារភូមិសាស្ត្រស្រុកស្ទឹងត្រង់ មានសក្តានុពលផ្នែកវិស័យកសិកម្ម លើដំណាំដាំដុះផ្សេងៗដូចជាដំណាំចេក និងដំណាំធូរេនជាដើម អាចប្រែក្លាយតំបន់នេះ ទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់នាពេលអនាគត ទាំងកសិកម្ម និងកសិទេសចរណ៍ផងដែរ ។

លោកអភិបាលខេត្ត បានរំឭកផងដែរថា នៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែក ស្រុកស្ទឹងត្រង់នេះកន្លងមក នៅរដូវប្រាំងគឺមានដីហុយ និងរដូវវស្សាដីស្អិតជាប់ជើង ដែលធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរ និងស្នាក់នៅព្យាបាលជំងឺក្នុងមន្ទីរពេទ្យនេះ។ ដោយជួបនូវស្ថានភាពដូច្នោះ ទើបរដ្ឋបាលខេត្តកំពង់ចាម បានធ្វើការពិភាក្សាជាមួយនឹងសមាគម សាសនាចក្រ នៃព្រះយេស៊ូគ្រិស្ត ពួកបរិសុទ្ធថ្ងៃចុងក្រោយ រហូតមានការឯកភាពធ្វើការសាងសង់ចាក់ជាបេតុង និងរៀបចំសួនច្បារក្នុងបរិវេណមន្ទីរពេទ្យនាពេលនេះ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រិស្ត ពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលតែងតែបានសហការជាមួយអាជ្ញាធរខេត្ត និងជួយអភិវឌ្ឍលើផ្នែកផ្សេងៗនៅក្នុងខេត្តកំពង់ចាមនាពេលកន្លងមក ជាពិសេសការជួយសាងសង់ចាក់បេតុង និងរៀបចំសួនច្បារ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់នាពេលនេះ ដើម្បីជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្ត បានថ្លែងផ្ដាំផ្ញើដល់បុគ្គលិកពេទ្យ ឲ្យជួយថែរក្សាសមិទ្ធផលទាំងនេះប្រើប្រាស់ឲ្យបានយូរអង្វែង៕

Click to comment

Leave a Reply

Your email address will not be published.

Facebook